ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅផ្ទះសំណាក់នីតាឡាក់គី

កណ្តាល: ចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ស្ថិតនៅចំណុចផ្ទះសំណាក់នីតាឡាក់គី។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់នីតាឡាក់គី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន២នាក់(ឃាត់ខ្លួន) ម្នាក់មានឈ្មោះ ញ៉ែម សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ និងម្នាក់ទៀតឈ្មោះសៀ សុខខេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់តូច ការបូបស្ពាយពណ៌ខ្មៅចំនួន១ ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទម៉ាកណូគាស៊េរី១០៥ ពណ៌ខៀវ ចំនួន១គ្រឿងផងដែរ។

ប្រភពព័ត៌មានដដែល ដោយទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងផ្ទះសំណាក់នីតាឡាក់គីស្ថិតនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយពីទទួលបានពត៌មាននេះ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍ស្វាយជ្រំសហការជាមួយម្ចាស់ផ្ទះសំណាក់នីតាឡាក់គីធ្វើការឆែកឆេរនៅបន្ទាប់លេខ៨ រកឃើញជនសង្ស័យចំនួន២នាក់ រួមជាមួយនិងវត្ថុតាងខាងលើ រួក៏បានធ្វើការចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមជាមួយវត្ថុតាង ត្រូវសមត្ថកិច្ចនគរបាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តអនុវត្តទៅតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់