ព័ត៌មានជាតិ

រថយន្តកាមរី បុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យរងការខូចខាត នៅផ្លូវជាតិ២

កណ្តាល: កាលពីវេលាម៉ោង១២ និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត ២៣-២៤ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ករណីនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹង នៅព្រឹកម៉ោង៦ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក៏បានរាយការណ៍មកផ្នែកជំនាញសណ្ដាប់ធ្នាប់ស្រុក ដើម្បីចុះវាស់វែង។

រថយន្តបង្កម៉ាកកាមរី ស៊េរី95 ពណ៌បៃតងចាស់ ពាក់ស្លាកលេខ (ភ្នំពេញ)2E-4517 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ហើយរថយន្តនេះ ទំនងជាធ្វើដំណើរពីត្បូងទៅជើង (ពីតាកែវមកភ្នំពេញ) មកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន បានបុកនឹងបង្កាន់ដៃស្ពានបាឡេ បណ្ដាលឲ្យរងការខូចខាតមួយកំណាត់ផ្នែកខាងមុខទាំងស្រុង។

បច្ចុប្បន្ន រថយន្តបង្កខាងលើ ត្រូវបានកម្លាំងជំនាញហៅរថយន្ត ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕

មតិយោបល់