អតីតអ្នកប្រដាល់គុនខ្មែរពូកែកន្តាប់ដៃ បឺត ខាំ ក្រៅពីបង្ហាត់សិស្សក៏បានក្លាយជាអ្នករកស៊ីដឹកធ្យូង និងដូងលក់បន្ថែមលើ ការងារបង្ហាត់គុនខ្មែរនៅក្លិបប្រដាល់របស់ខ្លួន ក្រោយបោះបង់ការឡើងសង្វៀន កាលពីឆ្នាំ ២០១៦ កន្លងទៅ ។
អតីតកីឡាករនៃក្លិបសាលវ័ន្តកីឡា បានរៀបរាប់ថា៖ «ក្រោយពីការបង្ហាត់សិស្សជាង១០ នាក់នៅក្លិបរ៉ាហាប់ស្វាយប៉ាក លោកបានរកមុខរបរបន្ថែមពីនោះទៀតក៏ព្រោះក្លិបមិន មានស្ពន់ស័រ ( Sponsor ) ពោលគឺទៅប្រមូលទិញដូងពីខេត្តកំពតមកលក់អោយអ្នកទិញ បន្តនៅភ្នំពេញ ហើយពេលខ្លះទិញធ្យួងពីខេត្តកំពង់ឆ្នាំងមកលក់បន្តនៅភ្នំពេញផងដែរ »។ បឺត ខាំ បានបន្តថា ទើបចាប់ផ្តើមរកមុខរបរនេះបានប្រហែល ១ ខែទេ ដោយលោកគិតថា ឲ្យតែការងារសុច្ចរិតគឺធ្វើទាំងអស់ ។ ការបានបង្ខំចិត្តឈប់ប្រកួត ដោយសារវ័យកាន់តែចាស់ហើយធ្វើជាគ្រូបង្វឹកប្រដាល់នៅក្លិបរ៉ាហាប់ស្វាយប៉ាក ខណៈបច្ចុប្បន្ន បានឆ្លៀតពេលរកស៊ីបន្ថែមទៀត ត្បិតការបង្ហាត់សិស្សមិនអាចទប់ការ ចំណាយក្នុងជីវភាពប្រចាំថ្ងៃបាន ។
គួរំលឹកផងដែរថា បឺត ខាំ បានគ្រងខ្សែក្រវាត់ជាច្រើន ក្នុងនោះក៏ធ្លាប់ធ្វើជាគ្រូបង្ហាត់គុនខ្មែរ នៅប្រទេសជប៉ុន ហើយជាកីឡាករគុនខ្មែរដែលមានអ្នកគាំទ្រច្រើន តាមរយៈការប្រើ បច្ចេកទេសក្នុងការប្រកួត និងផ្តួលគូប្រកួតបានល្អជាងគេក្នុងចំណោមកីឡាករកម្ពុជា បន្ទាប់ពីបានបោះបង់ការឡើងសង្វៀនក្នុងឆ្នាំ២០១៦ ដោយសារអាយុច្រើន និងបែរមកបណ្តុះកូនសិស្សវិញ ៕
មតិយោបល់