សៀមរាបៈ លោកអធិការស្រុកពួក បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ជាតិលេខ៦ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ3A-1209 បើកបរមិនស្គាល់អត្តសញ្ញាណ (អ្នកបើកបររត់គេចខ្លួន) ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1W- 6782 ជិះដោយឈ្មោះ ឈឿង ឈៀង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្ត សៀមរាប មុខរបរ កសិករ ក្នុងទិសដៅពីជើងឆ្លងថ្នល់ទៅត្បូង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ ហើយភ្លាមៗនោះរថយន្តបានព្យាយាមគេចពីម៉ូតូ ធ្វើឲ្យរថយន្តបើកខុសផ្លូវជាតិនិងចូលផ្លូវកំពុងស្ថាបនាបានបុកបង្គោលភ្លើង២ដើមធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ។
តាមការបញ្ជាក់របស់អគ្គីសនីខេត្ត ភ្លើងនៅប្រើប្រាស់បានដោយថ្កក់ពីកន្លែងផ្សេង បង្គោលភ្លើង២ដើមដែលបាក់ ខូចខាតទាំងស្រុង និងការចែកចាយពីកាប៊ីនទឹកថ្លាទៅសៀមរាម-ផ្តាច់ការប្រើប្រាស់ និងកៀរបង្គោលភ្លើង១ដើមទៀត។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ឯជនរងគ្រោះបានសង្រ្គោះនៅមន្ទីពេទ្យ៕
មតិយោបល់