ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឆ្មក់បង្ក្រាបហើយឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ប្រតិបត្តិការធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១មានឈ្មោះ អាត ពិសិទ្ធិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងមានសុ្រកកំណើតនៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ទី២ឈ្មោះ កែវ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើសំណង់បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមានស្រុកកំណើតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី៣ឈ្មោះ សុផាត ឆេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលជាមួយគ្នា រស់នៅភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពដដែលពីលោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលស្តីទី ភ្នំពេញថ្មីបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើបន្ទាប់ពីមានការស្រាវជ្រាវ និងសើបអង្កេតទើបដឹងថាទីតាំងខាងលើមានការប្រមូលផ្តុំប្រើប្រាស់នូវសារធាតុញៀន ទើបលោកសុំគោលការណ៍ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខដើម្បីស្នើរកម្លាំងព្រហ្មទណ្ឌខណ្ឌចុះជួយធ្វើការបង្ក្រាបបានជាក់ស្តែងចំនួន៣នាក់នៅក្នុងបន្ទប់ជួលខាងលើនោះតែម្តង។ រួមមានទាំងបានដកហូតនូវសម្ភារៈពាក់ព័ន្ធមាន ម៉្សៅក្រាមថ្លាសចំនួន៨កញ្ចប់ធំតូច ដាវ២ដើម និងឧប្បករណ៍ជក់ថ្នាំមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់