ភ្នំពេញៈ ក្រោយពីបើកសវនាការជាសាធារណៈដោយគ្មានវត្តមានជនជាប់ចោទឈ្មោះ ឈឹម ពិសិដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ
លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស ជាអតីតជំនួយការ អគ្គលេខាធិការរង ១រូប នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរធម្មតាខណៈដែលបច្ចុប្បន្នជនជាប់ចោទត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយ។
សាលក្រមនេះបាន ពិន័យប្រាក់ពីជនជាប់ចោទចំនួន ៤លានរៀល ដាក់ចូលជាថវិការដ្ឋ រឹបអូសប្រាក់ចំនួន ១២៥០ដុល្លារចូលជាថិការដ្ឋ និងតម្រូវឲ្យជនជាប់ចោទប្រគល់លុយចំនួន ១៥០០ដុល្លារទៅអង្គភាពដើមវិញ។
ដោយឡែកចំពោះប្រាក់ចំនួន ២០លានរៀល ដែលជនជាប់ចោទដាក់តំកល់ដើម្បីសុំនៅក្រៅឃុំបណ្ដោះអាសន្ននោះ តុលាការបានសម្រេចប្រគល់ជូនជនជាប់ចោទវិញ។
លោក សៀង សុខ បានចោទប្រកាន់ជនជាប់ចោទឈ្មោះ ឈឹម ពិសិដ្ឋ ពីបទ វីតិក្រម
ប្រព្រឹត្តកាលពីអំឡុងខែមេសា ឆ្នាំ២០១៧ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យោងតាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ ឈឹម ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោយពី ACU រកឃើញថា ជនជាប់ចោទបានយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយតាមរយៈ ការបង្កភាពលំបាកដល់អ្នកវិនិយោគជាតិ និងអត្តរជាតិ ក្នុងគោលបំណងទាមទារ ឬទទួលប្រាក់បន្ថែមពីការផ្តល់សេវានានា៕
មតិយោបល់