ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរសព្ទតែមិនបានសម្រេច ត្រូវម្ចាស់គេនិងសមត្ថកិច្ចស្វាគមន៍យ៉ាងចាស់ដៃ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ២នាក់ត្រូវជនរងគ្រោះនិងសមត្ថកិច្ចដេញតាមចាប់បាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេចហើយជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដួល។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខសណ្ឋាគា អីនធើខន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលចាប់បានម្នាក់ នោះមានឈ្មោះ ខន ឃៀង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ នី ងិប ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកឡាន ស្នាក់នៅបុរីពិភពថ្មីផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញCL-7424 ចេញមកពីញ៉ាំនំបញ្ចុកនៅផ្សារដើម គ ខណៈមកដល់ចំណុចកើតហេតុ គាត់បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវយកទូរសព្ទចុចមើលព័ត៌មាន លុះពេលកំពុងមើលស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគីលែត ពណ៌ ស ពាក់ស្លាកលេខ តាកែវ1N-4669 បានជិះមកក្បែរហើយធ្វើ សកម្មភាពឆក់យកទូរសព្ទដៃតែមិនបានសម្រេច ពេលនោះជនសង្ស័យបានជិះម៉ូតូទាក់ដៃចង្កូតបណ្ដាលឲ្យដួល ត្រូវជនរងគ្រោះស្រែកចោរៗ ស្របពេលដែលកម្លាំងសមត្ថកិច្ច កំពុងល្បាតនៅទីនោះបានលឺ ក៏ដេញតាមចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅម៉ូតូដែល ជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ទំនប់ទឹកនិងឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងបន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ចូនបន្តទៅកាន់ អធិការនគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់