កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង២០នាទី ថ្ងៃត្រង់ ទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផូ ផាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួសត្រង់ក្បាល និងខ្នងធ្ងន់។ ចំណែកជនសង្ស័យឈ្មោះ ស្រ៊ន ហ៊ុយសេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ក្នុងនោះដកហូតបាន៖ កាំបិត១ដើម ដងជ័រ ពណ៌ខ្មៅ ផ្លែពណ៌ស មានប្រវែង ៣២គុណ៤ស.ម និងស្រោមជ័រពណ៌ខ្មៅចំនួន១ ,ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកកIce ១កញ្ចប់តូច,កាបូបដៃពណ៌ខ្មៅ១,ប្រាក់រៀល១៧,៥០០រៀល និងប្រាក់ដុល្លារ ១ដុល្លារ និងទូរសព្ទដៃម៉ាកណូគាអិនចុចពិលពណ៌ខ្មៅ១គ្រឿង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យគឺជាមនុស្សញៀនថ្នាំ ហើយក៏ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាជាមួយនិងជនរងគ្រោះ ដែលជាអ្នករស់នៅផ្ទះក្បែរគ្នាផងដែរ ។ លុះនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានជក់គ្រឿងញៀន អស់១កញ្ចប់តូចថែមទៀត ។ រហូតមកដល់ពេលកើតហេតុខាងលើ នៅពេលដែលជនសង្ស័យកំពុងតែដេកនៅក្នុងផ្ទះ ហើយជនរងគ្រោះ កំពុងតែកើបអាចម៍គោនៅខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យឃើញ ហើយមានអារម្មណ៍រវើរវាយ ក៏ទាញយកកាំបិតស្ទុះទៅកាប់ជនរងគ្រោះពីក្រោយជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ រួចហើយ ក៏គេច មកសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនវិញ ។
ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅឯមន្ទីរ ពេទ្យប្រទេសវៀតណាម ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍ចុះទៅឃាត់ខ្លួនបាន និងដកហូតវត្ថុតាងកាំបិត ព្រមទាំងថ្នាំញៀន១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់