ព័ត៌មានជាតិ

ខឹងគេបង្អាប់ខ្លួនច្រើនដងពេក ផ្ទុះកំហឹង យកកាំបិតកាប់​..!​

​បន្ទាយមានជ័យៈ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការបង្រ្កាបករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងលើបទល្មើសជាក់ស្តែង នៅវេលាម៉ោង ០៧ និង ០០នាទី លោកបានដឹកនាំកម្លាំងអាវុធហត្ថក្រុង ចុះល្បាតរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង លុះដល់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ក៏បានឃើញយុវជនម្នាក់រត់ចេញពីហ្វូងយុវជន ​១ក្រុមដែលកំពុងអង្គុយផឹកស៊ីលើវាលស្មៅ ដោយមានឈាមហូរស្រក់ពេញផ្លូវ លោកបានចាត់តាំងកម្លាំងតាមរកជនរងគ្រោះដើម្បីស្តាប់ការបំភ្លឺ និងបានឃាត់ខ្លួនយុវជនម្នាក់ ដែលកំពុងឈរកាន់កូនកាំបិតនៅក្នុងដៃ ដើម្បីយកមកសាកសួរ មានឈ្មោះ អេន តាំងហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅអាគារហ្គ្រោន (ចុងស្រល់) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា ៖ នៅវេលាម៉ោង ០៣ និង ១០នាទី ខ្លួន និងមិត្តរួមការងារបានទៅអង្គុយផឹកស៊ីនៅលើវាលស្មៅ និងបរិវេណកាស៊ីណូផ្កាយប្រាំ លុះដល់វេលាម៉ោង ០៥ និង ០០នាទី បានឃើញជនសង្ស័យខាងលើ ដើរលេងក្នុងបរិវេណកាស៊ីណូ និងមានកាន់កូនកាំបិតនៅនឹងដៃ ពេលនោះខ្លួនបាននិយាយលេងថា កាំបិតនឹងមុតឬអត់ ជនសង្ស័យក៏តបថា បើចង់ដឹងមុតឬមិនមុតទាល់តែសាកមើលទើបដឹង និយាយរួចជនសង្ស័យ បានដើរសំដៅមករកខ្លួនហើយយកកាំបិតចាក់លលេងឆ្វេងស្តាំបណ្តើរនិយាយឡកលឺយគ្នាទៅវិញទៅមក ហើយជនសង្ស័យបានឲ្យខ្លួនបោះដៃមកខាងមុខឲ្យត្រង់ ក៏កាប់មកលើដៃរបស់ខ្លួនមួយទំហឹងតែម្តង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយឃើញមានឈាមហូរច្រើនពេក ខ្លួនក៏ងើបរត់ទៅរកពេទ្យតែម្តង ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ នៅមុនពេលកើតហេតុ ខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះច្រើនដងមកហើយ នៅថ្ងៃកើតហេតុជនរងគ្រោះតែងតែបង្អាប់មកលើខ្លួនអំពីរឿងនេះរឿងនោះមិនចេះចប់ ធ្វើឲ្យខ្លួនមានកំហឹងជាមួយជនរងគ្រោះជាខ្លាំង ក៏កាប់ជនរងគ្រោះតែម្តង ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ តាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់