ព័ត៌មានជាតិ

ឆេះខ្ទេច ដោយសារតែចៀនត្រី

សៀមរាបៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះតូបលក់អីវ៉ាន់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិសនីចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផ្សារ ដើមយាងធំ ខាងត្បូងភ្នំបាខែង ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា តូចដែលត្រូវអគ្គិភ័យឆាបឆេះនេះ ទាំង២តូចនេះ មានទំហំ(៣ម៉ែត្រ គុណនឹង៤ម៉ែត្រ)ដោយមានម្ចាស់ឈ្មោះ ឡូយ ចាន់ឌិន ភេទស្រី អាយុ៤១ឆ្នាំ ក្នុងនោះមូលហេតុ គឺត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ពេលកំពុងចៀនត្រី ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆេះរាលដាលតែម្តង។

ក្រោយទទួលបានសេចក្តីរាការណ៍នេះរួច នគរបាលជំនាញបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយនគរបាលជំនាញបង្ការពន្លត់អគ្គីភ័យនៃអង្គភាពនគរបាលការពារបេតិកភណ្ឌ័ បានចេញ ជួយអន្តរាគមន៍ដោយប្រើប្រាស់ចំនួន៤រថយន្ត ទើបសមត្ថកិច្ចអាចគ្រប់គ្រងសភាពការណ៍បាន១០០ភាគរយ ហើយក្នុងហេតុការណ៍នេះបណ្ដាលខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់