ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកកាស៊ីណូក្រោន៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ស្វាយរៀងៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
ការចាប់ឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខកាស៊ីណូក្រោន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ឈឹម មុន្នីរ័ត្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីអិដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី២ឈ្មោះ ហិន រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុក្គលិកកាស៊ីណូ ស្នាក់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣ឈ្មោះ ង្វៀន ហាយវ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិថាញ់ហា ឃុំគយ៉ូវ ស្រុកគយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម។

ក្នុងនោះដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់ធំ ដែលមានទម្ងន់ ១១.៦៨ក្រាម,ម៉ូតូចំនួន១គ្រឿង,ទូរសព្ទចំនួន៣គ្រឿង និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់