ភ្នំពេញៈ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបោះពួយ យ៉ាងលឿនរួចក៏គេចពីរថយន្តមួយគ្រឿងទៀត ដែលព្យាយាមបើកវ៉ាជែងមិនប្រយ័ត្នជ្រុល ទៅបុកនិងបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យក្រពឹតកៀបជាប់តៃកុងក្នុងម៉ូតូកង់បីឥណ្ឌាកាលពីវេលាម៉ោង ២រំលងអធ្រាត្រថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានអាកាស៧មករាផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ1HY-9358 និងមានបុរសម្នាក់ទៀតរួមដំណើរពីក្រោយ ដោយបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុម៉ូតូកង់បីឥណ្ឌាខាងលើបម្រុង និងបើកឆ្ពោះឡើងស្ពានអាកាស៧មករា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានបើកមកពីក្រោយនិងព្យាយាម បើកវ៉ាជែងខាងឆ្វេងម៉ូតូកង់បីឥណ្ឌា។ ខណៈពេលនោះម៉ូតូកង់បីឥណ្ឌាក៏បានកាច់ចង្កូតគេចចេញ ពីរថយន្តទៅខាងស្តាំរួច ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្ដាលឲ្យក្រពឹតកៀបតៃកុងជាប់ក្នុងម៉ូតូកង់បីរងរបួសធ្ងន់ធ្ងរ និងបុរសដែលជាអ្នករួមដំណើរបានរងរបួសស្រាល ចំណែកឯម៉ូតូកង់បីឥណ្ឌារងការខូចខាតក្រពឹតមួយកំណាត់ផ្នែកខាងមុខ។ ភ្លាមៗនេះក៏មានសមត្ថកិច្ចមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានចុះមកជួយធ្វើការទាញ យកតៃកុងម៉ូតូកង់បីចេញមកខាងក្រៅ។ រួចក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។
ក្រោយពេលកើតម៉ូតូកង់បីឥណ្ឌាខាងលើ ក៏ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិរបស់ជនរងគ្រោះមកយកត្រលប់ទៅវិញនៅពេញក្រោយ៕
មតិយោបល់