ព័ត៌មានជាតិ

ឃាត់រថយន្តដឹកជ្រូកនាំចូលមកពីវៀតណាមរបស់ក្រុមហ៊ុនហេង សុខេង ដែលពិនិត្យឃើញថាដាក់លើសចំនួនកំណត់!

កណ្តាលៈ ករណីចាប់ឃាត់រយន្តដឹកជ្រូកមកពីប្រទេសវៀតណាម រួចនាំចូលកម្ពុជា របស់ក្រុមហ៊ុនហេង សុខេង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត រហូតឆ្លងចូលព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីលោក អុល ដូរិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្តាល បានប្រាប់ឲ្យដឹងថាក្រោយពីមានការលើកឡើងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ដូចជាប្រជាកសិករចិញ្ចឹមសត្វថា ដោយសារតែការនាំចូលសត្វពីប្រទេសជិតខាង មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះ ទើបបានជាធ្វើឲ្យតម្លៃជ្រូកក្នុងស្រុកមានការធ្លាក់ចុះ កសិករធ្វើការបោះបង់ការចិញ្ចឹមសត្វបាត់បង់មុខរបរនោះ។ អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានយកចិត្តទុកដាក់ណាស់ ហើយបានដាក់បទបញ្ជារ ឲ្យការិយាល័យតាមបណ្តារខេត្ត រាជធានី យកចិត្តទុកដាក់រិតបន្តឹងក្នុងការត្រួតពិនិត្យការចរាចរណ៍សត្វ ពិសេសការនាំចូលពីប្រទេសជិតខាងតែម្តង។ ដើម្បីកុំឲ្យបាត់បង់ចំណូលថវិកាជាតិ និងការចម្លងមេរោគតាមរយៈការលួចនាំចូលដោយខុសច្បាប់ និងលួចបន្លំជាដើម។

តាមប្រភពដដែលពីលោកប្រធានការិយាល័យបានប្រាប់បន្តថា ជាក់ស្តែងដូចជាករណីនេះអញ្ចឹង ក្រោយពីទទួលសេចក្តីរាយការណ៍ថា នឹងមានការលួចនាំជ្រូកចូលតាមច្រកព្រំដែនខេត្តតាកែវ ដោយពុំមានលិខិតអនុញ្ញាត និងការលួចបន្លំចំនួនសត្វនោះ។ អគ្គនាយកដ្ឋាន ក៏បានធ្វើការសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្តាល ធ្វើការពួនស្ទាក់នៅតាមដងផ្លូវជាតិលេខ២ រហូតដល់ពីវេលាម៉ោង១រំលងអធ្រាត ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ យើងក៏បានស្ទាក់ចាប់រថយន្តដឹកជ្រូក១រថយន្ត នៅក្នុងភូមិភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកឯ២គ្រឿងទៀតបើករត់ ហើយត្រូវបានអគ្គនាយកដ្ឋានឃាត់ចាប់បាន១រថយន្តនៅក្នុងទឹកដីខណ្ឌដង្កោរ រាជធានីភ្នំពេញ។

លោកបានបន្ថែមថា ក្នុងពេលដែលឃាត់គឺមិនមានឯកសារអ្វីទាំងអស់ លុះវេលាម៉ោង៦ព្រឹក ទើបម្ចាស់យកលិខិតអនុញ្ញាតមកប្រគល់ឲ្យ ហើយក្នុងលិខិតនោះគឺអនុញ្ញាតឲ្យនាំចូលតែជ្រូកចំនួន៤០ក្បាលប៉ុណ្ណោះ តែដឹកដល់ទៅ៥០ក្បាល គឺលើស១០ក្បាល។ លោ ក អុល ដូរិន បានបញ្ជាក់ថា ជ្រូកដែលយើងឃាត់ចាប់នេះ ជារបស់ក្រុមហ៊ុនហេង សុខេង ហើយក៏បានបញ្ជាក់ដែរថា ការនាំចូលសត្វពីបរទេសដាច់ខាតត្រូវតែមានលិខិតបញ្ជាក់អំពីគុណភាព ដែលចេញដោយអាជ្ញាធររបស់ប្រទេសដែលយើងទទួលទិញនាំចូល ហើយមានការអនុញ្ញាតត្រឹមត្រូវពីជំនាញក្នុងស្រុក។ ឧទាហរណ៍ ជ្រូកមានលិខិតអនុញ្ញាតតែ៤០ក្បាល អញ្ចឹង១០ក្បាលដែលក្រុមហ៊ុនលួចដាក់បន្លំនោះ គឺអាចទិញពីកសិដ្ឋានផ្សេងដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយវាអាចបង្កប់នូវជំងឺផ្សេងៗក៏ថាបាន ដែលវាមិនត្រឹមតែចម្លងដល់ជ្រូកដ៏ទៃទៀត និងមនុស្សដែលបរិភោគសាច់ជ្រូកទាំងនោះទៀតផង។

ដូច្នេះហើយយើងត្រូវតែឃាត់ទុក និងធ្វើការពិនិត្យសុខភាពសត្វទាំងនេះសិន ហើយក៏សូមអំពាវនាវទៅដល់បងបងប្អូនប្រជាកសិករ មេត្តាជួយសហការណ៍ជាមួយជំនាញ ប្រសិនបើសង្ស័យ ឬដឹងថាមានការនាំចូលសត្វមិនមានភាពប្រក្រតីនោះ សូមរាយការណ៍មកភ្លាម ងាយស្រួលយើងចាត់វិធានការឲ្យបានទាន់ពេលវេលា៕

មតិយោបល់