តាកែវៈ លោកអធិការរងស្រុកបាទីបានប្រាប់ Post News ថា មានករណីធ្វើអត្តឃាត ដោយប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនភ្ជាប់នឹងរនងផ្ទះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុំ ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ មានជម្ងឺប្រចាំកាយ គឺជម្ងឺសរសៃប្រសាទ ទើបបណ្តាលឲ្យមានការធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួនយ៉ាងដូច្នេះ។
ក្រោយពីបានឃើញនៅហេតុការណ៍នេះហើយ លោកអធិការរងក៏បានដឹកនាំកម្លាំងសមត្ថកិច្ចឲ្យមកចុះត្រួតពិនិត្យទៅលើសាកសពទៅតាមលក្ខណៈបច្ចេកទេស ដោយឃើញថាសាកសពជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ហើយក៏បានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់