ភ្នំពេញៈ សាកសពបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ក្នុងសភាពហើមស្អុយភាយក្លិន ត្រូវបានប្រជាពលរដ្ឋអ្នកក្បែរខាងប្រទះឃើញ បន្ទាប់ពីភាយជះក្លិនស្អុយ រហូតទ្រាំលែងបាន ងឿងឆ្ងល់ទើបដាច់ចិត្តបង្ហើបបង្អួចមើល ទើបដឹងថាជាសាកសពមនុស្ស ផ្អើលឆោឡោយ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ៨២ ជាន់ទី៣ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពគ្រាន់តែស្គាល់ឈ្មោះ លាង ឈុនរស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយ លែងលះគ្នាជាមួយប្រពន្ធ ហើយទើបមកជួលបន្ទប់ស្នាក់នៅ និងរកការងារ ជាកម្មកររោងចក្រ ។
តាមប្រជាពលរដ្ឋអ្នកក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ ពួកគេមិនបានឃើញ២ថ្ងៃមកហើយ ហើយបន្ទប់ទៀតសោត បិទទ្វារជិត គ្មានអ្នកណាចាប់អារម្មណ៍ ខណៈដែល ម្នាក់ៗរវល់ការងាររៀងខ្លួន លុះមកដល់ល្ងាចថ្ងៃទី១៨ ខែសីហា នេះធំក្លិនភាយចេញពីក្នុងបន្ទប់លេខ៨២ ជាបន្ទប់ជនរងគ្រោះ រហូតដល់អ្នកក្បែរខាងទ្រាំលែងបាន ប្រាប់ម្ចាស់ផ្ទះមកជួយពិនិ្យមើល និងតាមដានក្លិន ដោយមានការសង្ស័យ រួមផ្សំបន្ទប់បិទទ្វារអស់២ថ្ងៃហើយផង ទើបនាំគ្នាដាច់ចិត្ត បង្ហើបបង្អួចមើល ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់ទៅវិញ ក្នុងសភាពហើម ។
បើតាមអ្នកជិតខាង បានឲ្យដឹងថា ជនរងគ្រោះ មកស្នាក់នៅបន្ទប់ខាងលើតែម្នាក់ឯង ចូលចិត្តហូបស្រា ជួនហូបស្រារហូតដល់ ដាច់បាយ ក៏មាន ។
តាមការសន្និដ្ឋានក្រៅផ្លូវការរបស់ប្រជាពលរដ្ឋ សង្ស័យជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចកំពុង ចុះទៅពិនិត្យ និងកោសល្យវិច័យ ហើយធ្វើការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយខ្យល់គ រួចស្រាវជ្រាវរកសាច់ញាតិ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
https://www.youtube.com/watch?v=WTuqkAbZInw
មតិយោបល់