ភ្នំពេញៈ ប្រទេសបារាំង និងអាឡឺម៉ង់ ធ្លាប់មានបទពិសោធន៏ជាក់លាក់ពីអតីតកាល និងបានឆ្លងកាត់ការផ្សះផ្សារគ្នាឡើងវិញ ទទួលបានជោគជ័យក្រោយសង្រ្គាមលោកលើកទី២ ធ្វើឲ្យទំនាក់ទំនងនោះ ត្រូវបានចាប់ផ្តើមឡើងវិញយ៉ាងល្អ និងមានប្រទេសដទៃជ្រើសរើសយកទៅអនុវត្តដោយកែសម្រួល ដើម្បីផលប្រយោជន៍ប្រជាជន និងបណ្តាប្រទេសជិតខាង។
ដូចនេះ បានជានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានសភាកម្ពុជា ស្ថានទូតបារាំង ស្ថានទូតអាឡឺម៉ង់ និងវិទ្យាស្ថានភាសារបារាំង នៅកម្ពុជា រៀបចំឲ្យមានកិច្ចពិភាក្សាតុមូលមួយឡើង ដើម្បីពិភាក្សា និងផ្តល់យោបល់ បទពិសោធន៍អំពី «ការបង្រួបបង្រួម និងការផ្សះផ្សារតាមរយៈវប្បធម៌ និងអប់រំ» ដោយការអនុវត្តល្អៗ ពីប្រទេសអាឡឹម៉ង់ និងប្រទេសបារាំង នាសាលបណ្ណាល័យនៃព្រឹទ្ធសភា។
លោក គឹម យាតដារ៉ារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនោះថា “កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងបទពិសោធន៍របស់ប្រទេសបារាំង និងប្រទេសអាឡឺម៉ង់ ដែលបានផ្សះផ្សា និងមិនជឿចិត្តគ្នា តាមរយៈសកម្មភាពវប្បធម៌ ដែលអាចមានផលប្រយោជន៍ដល់កម្ពុជា ក្នុងការយកជាបទពិសោធន៍ ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងជាមួយប្រជាជននៃបណ្តាប្រទេសជិតខាង”។
នាយកប្រតិបត្តិរូបនេះ បន្តថា កិច្ចពិភាក្សាតុមូលនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតបារាំង អាឡឺម៉ង់ អ្នកជំនាញ មកពីប្រទេសបារាំង អាឡឺម៉ង់ មន្រ្តីរាជការព្រឹទ្ធសភា រដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ លោកវាយតម្លៃថា កិច្ចប្រជុំតុមូលនេះ នឹងជាកាឡានុវត្តភាពមួយយ៉ាងល្អសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យកាន់តែប្រសើរជាមួយប្រទេសជិតខាង។
លោក Joachim Barow von Marsechall ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា ឧបទ្វីបឥណ្ឌូចិន មានដែនដីគោកនៃប្រទេសក្នុងតំពន់អាស៊ីអាគ្នេយ៍ មានកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ វៀតណាម និងផ្នែកភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងនេះ មានប្រវត្តិសាស្រ្តជាយូលុងមកហើយ ទំនាក់ទំនងជាទូទៅរវាងប្រទេសទាំងនេះ មានលក្ខណៈជាមិត្តភាព ប៉ុន្តែពេលខ្លះក៏មានជម្លោះ និងគ្នាផងដែរ ដូចជាទំនាក់ទំនងរវាងកម្ពុជា-វៀតណាម កម្ពុជា-ថៃ ឡាវ-ថៃ និងថៃ-វៀតណាមជាដើម។
ក៏ប៉ុន្តែនាពេលបច្ចុប្បន្ន ក្នុងបរិបទសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់ និងសកលលោកទំនាក់ទំនងរវាងប្រទេសទាំងនោះ មានភាពជិតស្និត និងមានលក្ខណៈជាមិត្តភាព ក្នុងស្មារតីសមភាព និងផលប្រយោជន៍រួមគ្នា ជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយ និងប្រកបដោយចីរភាពយូអង្វែង។
លោកបាន បញ្ជាក់ថា ប្រទេសជិតខាងក្នុងឧបទ្វីបឥណ្ឌូចិន ធ្លាប់មានការរើសអើង ជម្លោះ ឬការភ័ន្តច្រឡំគ្នាទៅវិញទៅមក ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងអាចបង្ករជាជម្លោះ។ ការផ្លាស់ប្តូវប្បធម៌ និងកិច្ចសហការក្នុងវិស័យអប់រំ ជួយឲ្យប្រជាជនមានការយ់ដឹងពីទំនាក់ទំនងរវាងប្រទេសក្នុងប្រវត្តិសាស្រ្ត។ ការយល់ដឹងពីគ្នាកាន់តែប្រសើរឡើង អាចលុបបំបាត់ការមិនចុះសម្រុងគ្នា និងការសង្ស័យគ្នាទៅវិញទៅមកពីអតីតកាល។ ដូច្នេះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំជួយលើកកម្ពស់មិនភាពរវាងប្រជាជន និងប្រទេសទាំងពីរ។
ចំណែកលោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាននៃព្រឹទ្ធសភា បានវាតតម្លៃចំពោះការរួមគ្នា បង្កើតវេទិកាពិភាក្សាតុមូលនេះឡើងថា ជាទម្រង់មួយដ៏មានប្រសិទ្ធភាពសម្រាប់ការបង្រួមបង្រួម និងផ្សះផ្សាជាតិ ក្នុងអំឡុងពេលក្រោយសង្រ្គាម។ តាមបទពិសោធន៍នៃប្រទេសទាំង២ និងកិច្ចពិភាក្សានេះ លោកស្រីកត់សម្គាល់ចំណុចសំខាន់៣ គឺទី១ ក្នុងបរិបទប្រវត្តិសាស្រ្ត និងប្រទេសជិតខាង គួរតែផ្តោតលើការវិភាគពីចំណុចខ្លាំង ភាពអំណោយផល និងសក្កដានុពលប្រទេសនីមួយៗ ក្នុងនាមជាអ្នកជិតខាង។ ទី២ មិនគួរចាត់ទុកផលវិបាកពីអតីតកាលថា ជាឧបសគ្គចម្បងសម្រាប់បច្ចុប្បន្ន និងទៅអនាគតនោះទេ គឺគិតពីសន្តិភាព ស្ថេរភាព វិបុលភាព និងសុភមង្គល និងទី៣ ស្របតាមសម័យភាវូបនីយកម្ម គួរតែយកចិត្តទុកដាក់ពីការធ្វើសមាហរណកម្មតំបន់ និងពិភពលោកជៀសជាងបង្កើនគំនិតជាតិជ្រុលនិយម៕
មតិយោបល់