ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងតាមចាប់អ្នកបាញ់បោះជិះរថយន្តស្លាកលេខភ្នំពេញ 2R. 8882

ភ្នំពេញ: សម្លេងផ្ទុះអាវុធជាច្រើនគ្រាប់បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ដោយសារតែកូនអ្នកមានទ្រព្យដែលជិះរថយន្តសេរីទំនើបមួយគ្រឿងបានបាញ់បោះយ៉ាងអនាធិបតេយ្យ កាលពីវេលាម៉ោង៣និង៣៥នាទីទាបភ្លឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រញស៊ីសុវត្ថិកែងផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក LAND CRUSER (ស៊េរីដូច៥៧០) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R. 8882 ក្នុងរថយន្ដនោះមានមនុស្សប្រុសចំនួន ៥នាក់ មិនដឹងជាមានទំនាស់ជាមួយអ្នកណានោះទេ ស្រាប់តែដកកាំភ្លើងបាញ់ផ្ទួនគ្នាចំនួន០៥គ្រាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជិតខាងដែលកំពុងដេកលង់លក់ ហើយក៏ប្រញ៉ាប់រត់ឡើងជិះ​គេចខ្លួនបាត់ ដោយសុវត្ថិភាពតែម្តង។

ប្រភពព័ត៌មានច្បាស់ការមួយបានបង្ហើបឲ្យដឹងថា អ្នកបាញ់បោះសេរីដែលជិះរថយន្តម៉ាក LAND CRUSER (ស៊េរីដូច៥៧០) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R. 8882 នោះត្រូវបានគេស្គាល់ថាឈ្មោះ រិទ្ធ ហៅញ៉ាញ់ ភេទប្រុស និងបក្សពួក ៤នាក់ទៀត។

ពាក់ព័ន្ធការបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនោះដែរ ទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងអាវុធហត្ថបាននឹងកំពុងបើកការស្រាវជ្រាវពីស្លាកលេខរថយន្តនោះ ហើយម្យ៉ាងវិញទៀត អ្នកបាញ់បោះរូបនោះក៏ត្រូវបានគេស្គាល់អត្តសញ្ញាណខ្លះហើយ គេជឿថា មិនយូរមិនឆាប់ប្រាកដជាសមត្ថកិច្ចនិងវែកមុខជនបាញ់បោះសេរីរូបនោះ មកផ្តន្ទាទោសតាមនិតិវិធីច្បាប់ជាក់ជាមិនខានឡើយ បើទោះបីជននោះកំពុងគេចខ្លួននៅឡើយនោះ៕

មតិយោបល់