ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន សុធេប អិចប្រេស បុកកង់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាល ស្រុកបាកាន បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរណ៍មួយ បានកើតឡើងរវាង រថយន្ត និងកង់ បណ្តាលឲ្យភាគីខាងកង់របួសធ្ងន់ បែកក្បាលនិងបាក់ជើង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ស៊ឺន សេម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្ក ម៉ាកហូត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-4218 របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ សុធេប អិចប្រេស។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបានបើកបរ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តក៏បានជ្រុលចង្កូត ទៅបុកកង់ពេញទំហឹង បណ្តាលឲ្យភាគីខាងកង់ ដួលបែកក្បាល និងបាក់ជើងខាងស្តាំ រួចក៏បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងនាំយករថយន្ត និងកង់មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបាកាន​។
បច្ចុប្បន្នភាគីខាងរថយន្ត ចូលខ្លួនមកដោះស្រាយដោយចេញសងថ្លៃព្យាបាលជនរងគ្រោះទាំងអស់ផងដែរ៕

មតិយោបល់