ព័ត៌មានជាតិ

ឈ្មួញប្រឹងកាប់កូនឈើរាប់ពាន់រាប់ម៉ឺនដើមលក់លើទីផ្សារ ចំណែកមេព្រៃខំប្រឹងដាំ

កំពង់ធំៈ ព្រៃឈើតូចធំ ត្រូវបានគេកាប់រុករាន្ទក្នុង​តំបន់​ព្រៃ​ហាមឃាត់របស់រដ្ឋ យកមកលក់នៅទីផ្សារ យ៉ាងគគ្រឹកគ្រេង ដោយពុំត្រូវបានហាមឃាត់ ពីសំណាក់សមត្ថកិច្ចជំនាញមេព្រៃនោះឡើយ ថែមទាំងបណ្តែត បណ្តោយឲ្យមានការដឹកជាហូរហែរ ដូចបុណ្យកឋិន ក្នុងមួយយប់ទាំងកាឡេថងដឹកឈើមូល និងដឹកកូនឈើ មិនតិចជាង ៣០កាឡេថងនោះទេ ចេញពីព្រៃអង់តែន ព្រៃសហគម ស្ថិតនៅក្នុងឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្ម កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលក្រុមអ្នកដឹកខ្លះបានកាប់ឈើធំៗ ហើយកាត់ជាអុសម៉ែត្រ អ្នកខ្លះកាប់ឈើមូលតូចៗសម្រាប់លក់ឲ្យដេប៉ូ ក្នុងនោះក៏មានរថយន្តប្រភេទ យីឌុប ៥ផ្លូវ ដឹកឈើមូលចេញពីស្រុកសណ្តាន់ ខេត្តកំពង់ធំ បន្តកន្ទុយគ្នាទាំងយប់ទាំងថ្ងៃ បង្ករឲ្យមានផលប៉ះ ពាល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះរថយន្តទាំងនេះ បានបំផ្លាញផ្លូវលំមួយខ្សែនេះ ឲ្យខូចខាតយ៉ាងដំណំ ស្ទើរតែពុំអាចចរាចរណ៍បាន ។

សកម្មភាពដឹកឈើមូល និងកូនឈើទាំងនេះ មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជា សមត្ថកិច្ចជំនាញ មេព្រៃ និងស្ថាប័នពាក់ព័ន្ធ ពុំមានវិធានការទប់ស្កាត់អ្វីបន្តិចសោះ បែរជាបណ្តែតបណ្តោយឲ្យមានការកាប់ ដឹកជញ្ជូនយ៉ាងនេះទៅវិញ បែរជាក្នុង១ឆ្នាំៗមានបុណ្យរុក្ខទិវាម្តង ហើយនាំគ្នាទៅដាំកូនឈើបានពី៤ទៅ៥ពាន់ដើម ១ម៉ឺនដើមទៅដាំរួចនាំគ្នាថត ចំណែកការកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃក្នុង១ថ្ងៃៗរាប់ពាន់រាប់ម៉ឺនដើមវិញនោះ បែរជាសមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នាំគ្នាមើលរំលងអំពីបញ្ហានេះទៅវិញ ចំណែកព្រៃឈើដែលធំស្រាប់ ដែលមានស្រាប់ ហេតុអ្វីបានជាមិននាំគ្នាថែរក្សា។

លោក តឹប ញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្លាប់បានប្រាប់តាមទូរស័ព្ទថា ចំពោះកូនឈើប្រសិនណាជាកាប់នៅក្នុងដីសម្បទានសង្គមកិច្ចដោយមានលិខិតអនុញ្ញាតិនោះវាអត់មានខុសច្បាប់នោះទេក៏ប៉ុន្តែបើសិនណាជាពួកគាត់កាប់ចេញពីក្នុងតំបន់ព្រៃហាមឃាត់ ឬព្រៃសហគមន៍នោះ គឺត្រូវមានទោសចំពោះមុខច្បាប់ លោកនិងដាក់ផែនការដល់គ្រប់សង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើទាំងអស់ក្នុងខេត្តកំពង់ធំឲ្យមានវិធានការខ្ពស់ចំពោះបទល្មើសនៃការកាប់បំផ្លាញកូនឈើតូចៗនេះ៕

photo_2016-05-27_09-56-19photo_2016-05-27_09-56-18photo_2016-05-27_09-56-17photo_2016-05-27_09-56-16photo_2016-05-27_09-56-15

មតិយោបល់