ព័ត៌មានជាតិ

លោក ពូទីន អះអាងថាមិនត្រូវការបង្កភាពតានតឹងនៅក្នុងតំបន់សមុទ្រខ្មៅ ជាមួយ NATO នោះទេ

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឱ្យដឹងថាលោកបានច្រានចោលសំណើរបស់ក្រសួងការពារជាតិរុស្ស៉ី ដែលចង់ឲ្យមានការរៀបចំ ធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ដោយសំអាងថា លោកមិនចង់ឲ្យភាពតានតឹង កើនឡើងកម្តៅថែមទៀតនៅក្នុងតំបន់។

នៅក្នុងសបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ពូទីន បានលើកឡើងថា «ក្រសួងការពារជាតិយើង បានស្នើឲ្យរៀបចំសមយុទ្ធយោធាឥតព្រាងទុកមួយនៅសមុទ្រខ្មៅ ប៉ុន្តែខ្ញុំគិតថាវាដូចជាមិនល្អទេ ហើយខ្ញុំយល់ថាវាក៏មិនចាំបាច់អ្វី ត្រូវដុតបញ្ឆេះស្ថានការណ៍ក្នុងតំបន់ឲ្យកាន់តែតានតឹងទៀតនោះដែរ។

រដ្ឋាភិបាលទីក្រុងម៉ូស្គូ តែងតែរិះគន់អំពីភាពគ្រោះថ្នាក់ នៃសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់សមុទ្រខ្មៅ ដោយសារតែកំណើននៃសកម្មភាពយន្តហោះឈ្លបការណ៍ របស់ក្រុមប្រទេសលោកខាងលិច ព្រមទាំងការហោះហើរកាន់តែញឹកញាប់ឡើង នៃយន្តហោះទម្លាក់គ្រាប់បែក ហើយនិងវត្តមានរបស់ក្រុមនាវាចម្បាំងអាមេរិក៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់