ព័ត៌មានជាតិ

កម្ពុជាត្រៀមបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី

ភ្នំពេញៈ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA) និងសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី (PIKAP) កាលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការស្របច្បាប់ នៅប្រទេសម៉ាឡេស៊ី។

បើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងការងារបានឲ្យដឹងថា នៅក្នុងពិធីចុះហត្ថលេខានោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបញ្ជូន និងការគ្រប់គ្រងពលករ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើង រវាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី (PIKAP) ។

អនុស្សារណៈនៃការយោគយល់គ្នានេះ មានគោលបំណង ក្នុងការការពារអត្ថប្រយោជន៍ និងសុខសុវត្ថិភាព របស់ពលករ-ពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀតរវាងសមាគមទាំងពីរ ក៏ដូចជាប្រទេសទាំងពីរផងដែរ។

ក្នុងអត្ថន័យនៃអនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងជាក់លាក់ក្នុងការធានាបាននូវការការពារអត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនី ចាប់តាំងពីការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍ ៕
13239438_588095524698609_2789885602513924129_n

13241235_588095594698602_6865630793961195584_n13244661_588095684698593_6928219403239621473_n13259991_588095534698608_1301656149022140286_n

មតិយោបល់