ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រក្នុងល្បឿនលឿន ជ្រុលបុករបាំងចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អគ្មានអ្នករបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-6708 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកនិងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង សំណាងណាស់ដែលមិនមាននរណាម្នាក់រងរបួស។
ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ផងដែរ៕
មតិយោបល់