ភ្នំពេញៈ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងបោសសំអាតឲ្យអស់នៅល្បែងហ្គេម ស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ទោះបីម្ចាស់ទីតាំងបើកល្បែងស៊ីសងទាំងនោះផ្លាស់ប្តូររូបភាពនៃសកម្មភាពរបស់ខ្លួនយ៉ាងណាក្តី។
ការប្តេជ្ញាចិត្តរបស់លោកអភិបាលខណ្ឌរូបនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សាខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦នៅសាលាខណ្ឌទួលគោក។
លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ក្នុងមួយខែកន្លងមកនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានបង្ក្រាប់ល្បែងស៊ីសងប្រភេទបាញ់ត្រី និងហ្គេមតុត្កតាបានចំនួន៦លើក និងបានបិទទីតាំង រួមនិងការឃាត់ខ្លួនមនុស្សដែលបើកល្បែងស៊ីសងទាំងនោះទៅតុលាការផងដែរ។
លោកបន្តថា ក្រោយការឃាត់ខ្លួននិងការបិទទីតាំងអស់នោះមក បានធ្វើឲ្យអ្នកបើកល្បែងស៊ីសងទាំងនោះប្រើរូបភាពល្មើសនេះផ្សេងវិញ ដោយពួកគេមិនបានបើកពេលថ្ងៃទៀតទេ គឺលួចបើកលេងនៅពេលយប់វិញ ដែលធ្វើឲ្យសមត្ថកិច្ចរបស់យើងពិបាកក្នុងការបង្ក្រាប។
ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាក្តី លើបញ្ហានេះសាលាខណ្ឌទួលគោកបានសុំកិច្ចសហការពីសាលាដំបូងរាជធានីភ្នំពេញហើយ ហើយខាងសាលាដំបូងរាជធានីក៏បានឯកភាពលើកិច្ចសហការនេះដែរ ពោលគឺបើខាងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរបស់យើងត្រូវការពេលណាម៉ោងណា ខាងសាលាដំបូងសហការជានិច្ច។ ដូច្នេះ យើងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងខុសច្បាប់នេះបាន មិនថា ពេលថ្ងៃឬយប់ឡើយ ។
លោកអភិបាលខណ្ឌទួលគោកក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សានោះក៏បានលើកឡើងពីការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធរបស់ខណ្ឌអស់ផងដែរ ដែលបានរួមគ្នាក្នុងការបង្ក្រាបបទល្មើសខាងលើនេះ យើងនឹងបន្តរួមគ្នាបង្ក្រាបឲ្យអស់នៅក្នុងមូលដ្ឋាន ទោះបីអ្នកបើកល្បែងស៊ី សងទាំងនោះ កែប្រែរូបភាពយ៉ាងណាក្តី៕
មតិយោបល់