ព័ត៌មានជាតិ

ម៉ូតូអូសរទេះបត់ឆ្វេងមិនផ្តល់សញ្ញា ធ្វើឲ្យម៉ូតូជិះពីក្រោយស្របទិសគ្នាបុកពេញទំហឹងរងរបួសធ្ងន់ស្រាល ចំនួន ៣នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូម៉ាកអឹមអេសអិច(MSX) បុកនិងម៉ូតូអូសរទេះម៉ាកហុងដាឌ្រីម បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថាមានម៉ូតូ១គ្រឿង ម៉ាកអឹមអេសអិច (MSX) ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង1P-8357 បើកបរដោយឈ្មោះ ប្រម សាវៀត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសស្រាល) បានបុកនិងម៉ូតូអូសរទេះ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីចាស់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ធន ខ្លឹង ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់) អ្នករួមដំណើរមានគ្នា០១អង្គ ព្រះសង្ឃព្រះនាម ព្រំ រស្មី ព្រះគ្រូចៅអធិការវត្តអូរតាគី (រងរបួសស្រាល)។

តាមការពិនិត្យកន្លែងកើតហេតុគឺម៉ូតូហុងដាឌ្រីមអូសរទេះ បើកបរពីទិសខាងជើងឆ្ពោះទៅត្បូង ពេលមកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យម៉ូតូអឹមអេសអិចបើកពីក្រោយទិសស្របគ្នាក្នុងល្បឿនលឿនបានបុកម៉ូតូកំពុងបត់ឆ្លងតែម្តង។ ករណីនេះកម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងរួចដកហូតមធ្យោបាយបង្កទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់៕

មតិយោបល់