ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងវិនិយោគកម្ពុជា-ហុងគ្រីត្រៀមបញ្ជូន ទៅគណៈកម្មាធិអចិន្រ្តៃយ៍រដ្ឋសភា

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងវិនិយោគកម្ពុជា-ហុងគ្រី ត្រូវបានសម្រេចបញ្ជូនទៅ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាជាតិ នៅខណៈដែលក្រុមមន្ត្រីពាក់ព័ន្ ធក្នុងការរៀបចំបង្កើតច្បាប់នេះ បានប្រជុំអនុម័តឯកភាពគ្នា ជាលើកចុងក្រោយ។

យោងតាមគេហទំព័ររបស់រដ្ឋសភាជាតិបានឲ្យដឹងថា ក្រុមគណៈកម្មការបច្ចេកទេស នៃរដ្ឋសភាជាតិ និងមន្ត្រីតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងវិនិយោគកម្ពុជា-ហុងគ្រី ដែលបានធ្វើឡើង នៅឯវិមានរដ្ឋសភាជាតិ។

កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើង ដើម្បីពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលហុងគ្រី សី្តពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ បានចុះហត្ថលេខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ក្នុងនោះលោកសុខ ចិន្តាសោភា គឺជាតំណាងឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រឺឯ លោក ភីធើ ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី តំណាងឲ្យរដ្ឋាភិបាលហុងគ្រី។

កិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងហុងគ្រីនេះ មាន១៤មាត្រា ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគមានចំនួន៣មាត្រា។

លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសេចក្តីព្រាងច្បាប់នេះថា នឹងធានាដល់ភាគីម្ខាងៗ ចំពោះការវិនិយោគលើទឹកដីរបស់ខ្លួន នូវការផ្តល់ប្រព្រឹត្តិកម្ម ដោយស្មើភាពគ្នា សម្រាប់ការវិនិយោគនៃភាគីទាំងសង្ខាង និងគ្មានការរើសអើង ការមិនធ្វើជាតូបនីយកម្ម ឬអស្សាមិកករណ៍នូវ ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ ការផ្តល់ការអនុគ្រោះស្មើភាព លើកលែងតែជាប្រព្រឹត្តិកម្ម ដែលភាគីជាម្ចាស់ផ្ទះមាន ដោយឡែកទាក់ទងទៅនឹង កិច្ចព្រមព្រៀងសហព័ន្ធគយ តំបន់សេដ្ឋកិច្ចសេរី កិច្ចព្រមព្រៀងសហព័ន្ធហិរញ្ញវត្ថុ ឬកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងដល់កិច្ចការសារពើពន្ធ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងបោះជំហានថ្មីមួយទៀត ក្នុងការទាក់ទងវិនិយោគ ពីប្រទេសជាមិត្ត តាមរយៈការបង្កើនជំនឿទុកចិត្ត ពីសំណាក់វិនិយោគិនហុងគ្រី៕
NA Daily 26-05-2016ab2

NA Daily 26-05-2016ab3NA Daily 26-05-2016ab4NA Daily 26-05-2016ab5

មតិយោបល់