ព័ត៌មានជាតិ

លឿនពេក! ហាយឡែនឌ័របើកដោយស្ត្រីម្នាក់ក្នុងល្បឿនលឿនក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីអ្នកបើកស្លាប់ក្នុងរថយន្ត

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានការណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង បើកបរដោយស្ត្រីម្នាក់មិនប្រយ័ត្ន បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីអ្នកបើកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ ក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE-0453អ្នកបើកបរឈ្មោះ រស់ វណ្ណា ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ ប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ផ្លូវតែម្តង បណ្តាលឲ្យស្ត្រីអ្នកបើកស្លាប់នៅក្នុងរថយន្តមួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តខាងលើ ទៅរក្សាទុក ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់