ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តម៉ាក ម៉ាស្ដា ទៅបុករះដើមឈើ ស្លាកប៉ាន់ណូស្រាបៀរហ្គេនស្បើត សំយ៉ាបផ្ទះនិងបង្គោលភ្លើងនៅលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យនរណាម្នាក់ មានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅខាងក្រោយវត្តអង្គតាមិញ តាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តបង្កស៊េរីទំនើបម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-7332 បើកបរដោយបុរសម្នាក់ដែលស្រវឹងជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលចង្កូតទៅបុករះ ដើមឈើអស់៣ដើម ប៉ាន់ណូក្រុមហ៊ុនស្រាបៀរហ្គេនស្បើត ចំនួន១ សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន១ផ្ទាំង និងបុកបង្គោលភ្លើងរដ្ឋ ទ្រេតអស់១ដើមផងដែរ បណ្តាលឲ្យរថយន្តបង្កបានដាច់កាឡេកង់ក្រោយផ្នែកខាងស្ដាំទៅមុខលែងរួចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែមិនបានឃាត់អ្នកបើកបរនោះទេ ដោយបានត្រឹមតែទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងស្ទូចរថយន្តបង្កខាងលើយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយបន្តទៀត៕
https://youtu.be/lu9mm-YpEtk
មតិយោបល់