ព័ត៌មានជាតិ

ស្លាប់រាល់យប់! ជិះម៉ូតូលឿនខ្លាំងគេចពីកុងតឺន័រ ទៅបុកគូថរថយន្តគេ ចតស្ងៀមបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស

កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីបុរស២នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន គេចពីរថយន្តកុងតឺន័រ ក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿង ដែលកំពុងចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យបុរសម្នាក់ដែលជាឌុប បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលអង្គុយខាងក្រោយរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅជាប់របងសាលាខេត្តកណ្ដាល ក្បែរនឹងរង្វង់មូលព្រះនរាយ៍ តាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ហេង ហៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ មិនបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូឌុបគ្នាដោយម៉ូតូម៉ាក់ហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-7988 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានជិះគេចពីរថយន្តមួយគ្រឿង រួចក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងដែលជារថយន្ត កំពុងចតស្ងៀមនៅចិញ្ចើមផ្លូវអែបរបងសាលាខេត្ត បណ្តាលធ្វើឲ្យបុរសម្នាក់ដួលផ្លោងខ្ទាតបោកក្បាលនឹងចញ្ចើមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកន្លែងតែម្តង ចំណែករថយន្តពេលកើតហេតុហើយបានបើកគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអសន្ននៅអធិការដ្ឋាននគរបាល។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/-ErzSRx5nQo

មតិយោបល់