ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ម្ដាយដឹកដៃកូនអាយុ ២ឆ្នាំ បណ្ដើរទារលុយភាស៊ី ត្រូវចោរឆក់ខ្សែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីអំពើលួចមួយកើតឡើងនៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំតរពាំងសាប ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ យន ភួង ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ នៅបន្ទប់ជួលផ្សារអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចកាត់ខ្សែ កមួយខ្សែ(ផ្លាទីនទម្ងន់ ០៣ជី) ពីក្មេងប្រុសឈ្មោះ ជន ជេស្ឋដារារ័ត្ន អាយុ ២ឆ្នាំ ខណ:ពេលដែលម្ដាយឈ្មោះ អ៊ឹម សុឈាង អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដឹកដៃបណ្ដើរកូនទារលុយភាស៊ីនៅចំណុចផ្សារភូមិ-ឃុំកើតហេតុ តែត្រូវបានប្រជាពលរដ្ឋក្នុងផ្សារ ឃើញទាន់ស្រែកឆោឡោ ទើបនាំគ្នាដេញចាប់ជនសង្ស័យខាងលើ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប្រចាំការនៅផ្សារ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់