ព័ត៌មានជាតិ

រថយន្តសាំយ៉ុងកៀរម៉តូ រួចក៏រ៉េចង្កូតក្រឡាប់បណ្តាលឲ្យរងបួស២នាក់!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកសាំយ៉ុងបុកជាមួយម៉ូតូបណ្តាលឲ្យរបួស២នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦១និង១៦២ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ2AQ-6340 ចរាចរណ៍ពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួនបាត់)។ ម៉ូតូរងគ្រោះម៉ាកសេ125 ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-0193 រងរបួសមនុស្ស២នាក់។

ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ដោយម្នាក់មានឈ្មោះ ហេង សំអុល អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (រងរបួសធ្ងន់) បញ្ជូនទៅពេទ្យខេត្ត។ និងម្នាក់ទៀតឈ្មោះ អុល សុភក្ត្រ អាយុ២៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (រងរបួសស្រាល)។

មូលហេតុ មកពីរថយន្តបង្កបានដឹកច្រើនលើសចំណុះពេលមកដល់កន្លែងកើតហេតយក៏បានកៀរម៉ូតូ ហើយបណ្តាលឲ្យរថយន្តក្រឡាប់។

ក្រោយមករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ហើយយកមករក្សាទុកនៅបុស្តិ៍នគរបាលដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់