បាត់ដំបងៈ លោកអធិការរងស្រុកមោងឫស្សី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូទៅបុករថយន្តដឹកសាំងតេលា បណ្តាលបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២៣ ភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកសាន់យ៉ាន់ ធុនសេ១៥០ គ្មានស្លាកលេខ ជិះឈ្មោះ ម៉ន បូរិន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ កន្សៃបន្សៃបន្ទាយ ឃុំមោងស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនិងរថយន្ត១គ្រឿង ម៉ាកធុន ពាក់ស្លាកលេខ ភ្នំពេញ3D-6131 របស់ក្រុមហ៊ុនតេលាអ្នកបើកបរពុំស្គាល់ឈ្មោះ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានជ្រុលចង្កូតក្រទ្បាប់ហូរប្រេងសាំងពេញផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ៕
មតិយោបល់