ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយមានរថយន្តដឹកជញ្ជូនប្រេង របស់ក្រុមហ៊ុន LHR មួយគ្រឿង បានបើកទៅបុកជាមួយនឹងរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបចូលគ្នា ស្លាប់តៃកុងរថយន្តដឹកប្រេង ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥១-១៥២ ភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
គួរបញ្ជាក់បន្ថែមថា បន្ទាប់ពីហេតុការណ៍នេះកើតឡើងរួចមក ភាគីអ្នកបើករថយន្តកុងតឺន័រ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល នៅសល់តែតៃកុងរថយន្តដឹកប្រេង LHR ដែលគៀបស្លាប់ក្នុងកាប៊ីនតែប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់