ព័ត៌មានជាតិ

យុវជនឈាមរាវ! ជិះម៉ូតូដេញកាប់គ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេទាំង ៤នាក់ធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាពេញផ្លូវសាធារណៈ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ ហេតុការនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៤នាក់ខាងលើ ទី១-ឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ប្រូឡាន ស្នាក់នៅផ្ទះលេខ៩ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ឈ្មោះ ទន់ សុចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី៣-ឈ្មោះ ចន្ទ័ មករា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៤-ឈ្មោះ ធា ថារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិនអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកឯសម្ភារៈដកហូតបានរួមមានៈ ដាវកែច្នៃចំនួន មួយដើម, ទូរស័ព្ទចំនួន ៣គ្រឿង, ម៉ូតូចំនួន ២គ្រឿង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ គឺកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណៈដែលកំពុងជិះល្បាតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យចំនួន ៤នាក់ជិះម៉ូតូ ២គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត នៅពេលដែលធ្វើដំណើរនោះ ក៏ឃើញជនសង្ស័យម្នាក់មានឈាមប្រឡាក់ជាប់អាវ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះដេញតាមពីក្រោយ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួន ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការជិះដេញតាមរហូតដល់ចំណុចផ្លូវមុខហ្គ្រែនភ្នំពេញ ទើបធ្វើការឃាត់ខ្លួនបានម្នាក់ទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើនេះរួចមក កម្លាំងសមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសួរនាំបន្ត។

ក្រោយពីធ្វើការសាកសួររួចមក ពួកគេទាំង ៤នាក់បានសារភាពថា ដោយសារតែមានជនមិនស្គាល់មុខមួយក្រុមបានធ្វើការដេញវ៉ៃ ហើយដាវកែច្នៃគប់មកលើប្អូនរបស់គេ ហើយពួកគេក៏បានជិះដេញតាមរហូតដល់ចំណុចខាងលើ ក៏ជួបនឹងកម្លាំងសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់