ភ្នំពេញ ៖ យុវជន២ក្រុមបន្ទាប់ពីផឹកស៊ីរាំលេងសប្បាយក្នុងក្លិបមួយយីហោ ហាយស្កាយ បានកាច់កុងគ្នាក្នុងក្លិបរួច ពេលចេញមកក្រៅជិះម៉ូតូដេញវាយគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានយុវជន៣នាក់ កាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចមុខក្លោងទ្វារវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
បើតាមការរៀបរាប់របស់យុវជនម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនដំបូងបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានចូលមកផឹកស៊ីរាំលេងនៅក្នុងក្លិប ហាយស្កាយ តាំងពីម៉ោង៩ ពេលដែលកំពុងរាំលេងក៏មានយុវជនមួយក្រុមទៀតនិយាយឌឺដង កាច់កុងគ្នា លុះនៅវេលាម៉ោងកើតហេតុរូបគេជាមួយនិងសង្សារបានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះចេញពីក្លិបមកដល់ចំណុចមុខក្លោងវត្តនាគវ័ន្តក៏មានយុវជនមួយក្រុមជិះម៉ូតូស៊េរីទំនើបចំនួន៣គ្រឿងបានមកកាក់ ដោយក្នុងដៃមានកាន់ដំបងបួនជ្រុង ចុះដេញវាយរូបគេរួមជាមួយសង្សារ ឃើញដូចនោះរូបគេក៏បានផ្ដួលម៉ូតូចំណែកនារីជាសង្សារបានរត់ចោលខ្លួនបាត់ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្ដិ៍ផ្សារដេប៉ូ៣កំពុងល្បាតប្រទះឃើញក៏ចុះអន្តរាគមន៍ តែក្រុមយុវជនបង្កទាំងមិនខ្លាចសមត្ថកិច្ចឡើយ ហើយសមត្ថកិច្ចក៏បានដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើដើម្បីគំរាម ធ្វើអោយក្រុមយុវជនទាំងនោះភ័យជិះម៉ូតូរត់គេចបាត់អស់ ដោយស្ថានភាពចលាចលក៏មានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-5189 មកដល់ ក៏សមត្ថកិច្ចឃាត់ម៉ូតូដើម្បីធ្វើការសាកសួរ ដោយសមត្ថកិច្ចប្រទះឃើញម៉ូតូមានជាប់សំបុត្រផ្ញើម៉ូតូមិនទាន់ហែក ក៏មានការសង្ស័យ ហើយសមត្ថកិច្ចក៏បាននាំយុវជនរងគ្រោះនិងយុវជនសង្ស័យទាំង២នាក់រួមជាមួយម៉ូតូទាំង២គ្រឿងយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ដើម្បីសាកសួរ។
បើតាមសម្ដីយុវជនទាំង២នាក់ដែលជិះម៉ូតូហុងដាឌ្រីមខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា សំបុត្រមិនទាន់ហែកចេញពីម៉ូតូ ដោយសាររូបគេស្គាល់អ្នកហែកសំបុត្រម៉ូតូជិតស្និត នៅក្លិបហាយស្កាយ ហើយរូបគេប្រញ៉ាប់ខ្លាំងពេកក៏ភ្លេចអោយគេហែកសំបុត្រ។ តែទោះជាមានការបកស្រាយយ៉ាងក៏សមត្ថកិច្ចនៅតែនាំខ្លួនយុវជនទាំងនោះនិងម៉ូតូយកទៅរក្សាទុកនៅប៉ុស្ដិ៍ដើម្បីធ្វើកំណត់ហេតុនិងផ្ទៀងផ្ទាត់ប័ណ្ណសំគាល់យានយន្ត(កាតគ្រី) ទើបប្រគល់ម៉ូតូអោយជនរងគ្រោះវិញ៕
មតិយោបល់