ភ្នំពេញៈ មន្ត្រីយោធាម្នាក់ស្រវឹងរករឿងប្រពន្ធ ត្រូវបានក្មួយថ្លៃចូលមកឃាត់បង្កហិង្សាដាក់ទៅវិញទៅមក រួចចូលទៅយកកាំភ្លើងមកអាមេគំរាមបាញ់ តែត្រូវកូនស្រីស្ទុះទៅចាប់យកទៅទុក បណ្តាលឲ្យផ្ទុះ១គ្រាប់ ។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះបុរសយោធាខាងលើ ដែលមានទីតាំងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសយោធាជាម្ចាស់អាវុធខាងលើនេះមានឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបជាមន្ត្រីយោធា ភូមិភាគ៣ ។ ចំណែកប្រពន្ធឈ្មោះ សយ ពៅ អាយុ៤២ឆ្នាំមុខរបនៅផ្ទះ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃបុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រវឹងហើយរករឿងប្រពន្ធនិងវាយធ្វើបាបស្ទើររាល់ថ្ងៃ ខណៈដល់ថ្ងៃកើតហេតុខាងលើ បុរសរូបនេះបានផឹកស្រវឹងហើយបានឈ្លោះគ្នាជាមួយប្រពន្ធ លុះពេលកំពុងតែឈ្លោះ ស្រាប់តែក្មួយថ្លៃ២នាក់បានចូលមកឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែបុរសជាមន្ត្រីយោធារូបនេះ បានស្ទុះមកប្រតាយប្រតប់មួយប្រាវបណ្តាលឲ្យក្មួយប្រុសម្នាក់រងរបួសបែកក្បាលត្រូវបញ្ចូនទៅមន្ទីរពេទ្យ បន្ទាប់មកបុរសយោធាចូលទៅយកកាំភ្លើងនៅខាងក្នុងផ្ទះ មកអាមេគំរាមបាញ់ តែត្រូវបានកូនស្រីម្នាក់ មកចាប់ជាប់យកទៅទុកក្រោមពូក ធ្វើឲ្យរាលកៃផ្ទុះមួយគ្រាប់តែសំណាងល្អមិនបណ្តាលឲ្យរបួសដល់នរណាម្នាក់ទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នារត់ទៅប្តឹងសមត្ថកិច្ច ដើម្បីចុះមកធ្វើការពិនិត្យ និងសាកសួរដល់កន្លែងកើតហេតុតែម្តង ៕
មតិយោបល់