ព័ត៌មានបច្ចេកវិទ្យា

Huawei សន្យាថា Mate 10 នឹងល្អជាង iPhone 8

ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Huawei លោក Richard Yu បានលើកឡើងនៅក្នុងកិច្ចសម្ភាស៍មួយជាមួយសារព័ត៌មាន Bloomberg ថា ស្មាតហ្វូនអេក្រង់ធំត្រកូល Mate ជំនាន់បន្ទាប់ នឹងមានថាមពលកាន់តែខ្លាំង អាចប្រកួតប្រជែងជាមួយ iPhone 8 របស់ក្រុមហ៊ុន Apple បាន។

លោកបន្ថែមថា Huawei Mate 10 នឹងប្រើប្រាស់ថ្មដែលមានថាមពលកាន់តែខ្លាំង អេក្រង់លាតកាន់តែធំទូលាយ សមត្ថភាពសាកថ្មបំពេញកាន់តែរហ័ស សមត្ថភាពកាមេរ៉ាកាន់តែខ្ពស់ រួមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនផ្សេងទៀត។

ប្រាកដណាស់ នេះគឺជាការពាក្យសម្តីឃោសនារបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនលើផលិតផលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែ Mate 9 របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះ គឺត្រូវបានបំពាក់មកជាមួយលក្ខណៈសម្បត្តិខ្ពស់កប់រួចទៅហើយ។

ដូច្នេះ ប្រសិនបើក្រុមហ៊ុនអាចបង្រួមស៊ុមអេក្រង់ឱ្យស្តើងបំផុត និងបង្កើនសមត្ថភាពកាន់តែខ្លាំងមែននោះ វានឹងកាន់ តែទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើនជាមិនខាន។

ព័ត៌មានគួរឱ្យចាប់អារម្មណ៍ចុងក្រោយបានលើកឡើងថា ក្រុមហ៊ុន Huawei និយាយថា ខ្លួននឹងឈប់ផលិតទូរសព្ទដៃតម្លៃទាប ព្រោះតែវាមិនសូវទទួលបានប្រាក់ចំណេញ ហើយផ្តោតទៅលើការអភិវឌ្ឍទូរសព្ទលំដាប់ប្រណិត។

ពាក់ព័ន្ធព័ត៌មាននេះ គេរំពឹងថា ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Huawei អាចនឹងមានតម្លៃខ្ពស់ជាងមុន ដោយសារកាន់បង្កើនថ្លៃដើមក្នុងការផលិត ដើម្បីឱ្យរចនាបថកាន់តែប្រណិត និងសមត្ថភាពកាន់តែខ្ពស់៕

ប្រភពព័ត៌មានៈ thenextweb

មតិយោបល់