ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តសាមុយមណ្ឌលសុខភាពសៀបរាប ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្ត២គ្រឿងទៀត បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី៦នាក់ រងរបួសធ្ងន់ស្រាល នៅនឹងកន្លែង បន្ទាប់ពីមានរថយន្តសាមុយរបស់មណ្ឌលសុខភាពសៀមរាបមួយគ្រឿង ត្រូវបានរថយន្តកុងតឺន័រធន់ធំ បើកធ្វើដំណើរស្របផ្លូវគ្នាទៅបុកផ្ទប់ពីក្រោយពេញទំហឹងធ្វើឲ្យរថយន្តសាមុយរ៉េចង្កូតចូលមកផ្លូវម្ខាងទៅបុកនឹងរថយន្តដឹកដីមួយគ្រឿងផ្សេងទៀត ដែលបើកធ្វើដំណើរបញ្ច្រាសផ្លូវគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តសាមុយមណ្ឌលសុខភាពសៀមរាប រងការខូចខាត ខ្ទេចខ្ទីអស់ស្ទើរតែគ្មានសល់។ ចំណែករថយន្តដឹកដីបានរងការខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ម្តុំបុរីកាំងម៉េង ស្ថិតក្នុងសង្កាត់ព្រែកកំពិស ភូមិព្រែករទាំង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសាមុយដឹកអ្នកជំងឺរបស់មណ្ឌលសុខភាពសៀមរាប មួយគ្រឿង គ្មានស្លាកលេខ បានបើកធ្វើដំណើរតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុខាងលើ ម្តុំបុរី កាំង ម៉េង ក៏មានរថយន្តកុងតឺន័រធន់ធំមួយគ្រឿង មិនចាំស្លាកលេខ បានបើកទៅបុកផ្ទប់រថយន្តសាមុយដឹកអ្នកជំងឺខាងលើចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តសាមុយ រ៉េចង្កូត ចូលមកផ្លូវម្ចាងទៀត ក៏ជ្រុលទៅបុកផ្ទប់គ្នាជាមួយនឹងរថយន្តដឹកដីមួយគ្រឿងផ្សេងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3C-0030 ធ្វើដំណើរតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតមកលិចបញ្ច្រាសផ្លូវគ្នាចំពីមុខ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តសាមុយខាងលើ រងរបួសធ្ងន់ធ្ងរ និងមនុស្សប្រុសស្រី៥នាក់ទៀតក្នុងរថយន្តសាមុយរងរបួសស្រាល ត្រូវបានរថយន្តសាមុយផ្សេងៗ ដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ដែលបង្កហេតុខាងលើ បានបើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តដឹកដីខាងលើ ដោយភ័យខ្លាចខ្លាំងពេក បានបើកទ្វាររថយន្ត រត់គេចខ្លួនតែម្តង។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺរថយន្តសាមុយដឹកអ្នកជំងឺមណ្ឌលសុខភាពសៀមរាបខាងលើ បានរងការខូចខាតទាំងក្រោយទាំងមុខខ្ទេចខ្ទីអស់ស្ទើរតែគ្មានសល់។ ចំណែករថយន្តដឹកដីបានខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់