ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹត ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធករណីរំលោភសេចក្ដីទុកចិត្ត (ខ្ចីឡាន) រួចយកទៅលក់ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះ៣៧អា តាមបណ្តោយផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់រថយន្តខាងលើមានឈ្មោះ ថាច ធីវី ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅភូមិត្រញាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកសិករ បានឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យមានឈ្មោះ នុត គ្រឿង (ហៅតឿ) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានស្រុកកំណើតនៅព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្នាក់នៅផ្ទះ៣៧អា ផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដែលជាអ្នកស្គាល់គ្នាបានមកខ្ចីឡានរបស់គាត់ម៉ាកRAV4 ពណ៌សំបកឪឡឹក ដើម្បីដឹកភ្ញៀវធ្វើដំណើរទៅខេត្តសៀមរាបរយៈពេល៣ទៅ៤ថ្ងៃ ហើយចាំឲ្យលុយខ្លះពេលត្រឡប់មកវិញ ប៉ុន្តែពេលនេះប្ដីរបស់គាត់ និងអ្នកជិតខាងក៏បានប្រាប់ថាកុំឲ្យខ្ចីដែរ តែគាត់គិតថាមនុស្សធ្លាប់ស្គាល់គ្នា ក៏ឲ្យខ្ចី។ ក្រោយពីឲ្យខ្ចីរួច ហើយនោះ ស្រាប់តែមិនឃើញត្រឡប់យករថយន្តមកវិញ ទើបគាត់ជាស្រី្តរងគ្រោះបានទាក់ទងតាមទូរសព្ទទៅបុរសដែលខ្ចីរថយន្តគាត់នោះ រហូតទ័លច្រកបុរសនោះបានប្រាប់ថា ឡានបានជួបគ្នាថ្នាក់ចរាចរណ៍ យកឡានទៅធ្វើនៅជាងម្ដុំដំដែក ពេលប្ដីស្រី្តរងគ្រោះ ជាអ្នកស្រុកដំដែក គាត់ស្គាល់ជាងធ្វើឡានស្ទើទាំងអស់ ហើយក៏បានសួរទៅបុរសខ្ចីឡាននោះទៀត ចុងក្រោយបុរសនោះបានប្រាប់ថារថយន្តនោះបានលក់បាត់ហើយ បានតម្លៃ៤៥០០ដុល្លារតែម្តង ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលិតធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/iBFK0nCBRTM
មតិយោបល់