ព័ត៌មានជាតិ

ឃុំខ្លួនម៉ែយ៉ែម នាំក្មេងស្រីៗ៤នាក់ ឲ្យតាៗឆី ក្នុងតម្លៃ១៥០០-២៥០០ដុល្លារ

ភ្នំពេញៈ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចឃុំខ្លួនស្ត្រី ជាជនសង្ស័យមានឈ្មោះ អេង បុប្ផា ហៅ ម៉ាច ភេទស្រី អាយុ៣២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទសញ្ចរកម្មទាក់ទងនឹងកុមារ តាមមាត្រា២៥ មាត្រា២៨ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការងារអនីតិជននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើការបញ្ជូនស្ត្រីជាជនសង្ស័យ ពាក់ព័ន្ធនឹងករណីសញ្ចរកម្មជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រី និងកុមារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

ស្ត្រីជាជនសង្ស័យមានឈ្មោះ អេង បុប្ផា ហៅម៉ាច ភេទស្រី អាយុ៣២ឆ្នាំ រីឯជនរងគ្រោះមានចំនួន៤រូប ដែលត្រូវស្ត្រីជាជនសង្ស័យណែនាំទៅឲ្យតាៗ ហើយជនរងគ្រោះទាំងនោះ មានអាយុចាំពី១៥ឆ្នាំ រហូតដល់ ២៣ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លីឡាយ និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង កុល បុន បានចុះទៅបង្ក្រាបជាក់ស្តែងករណីសញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រី និងកុមារ ដែលជនសង្ស័យកំពុងនាំក្មេងស្រីទៅលក់ព្រហ្មចារី ចំណុចផ្លូវសម្តេច ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

photo_2016-05-27_17-09-47

មតិយោបល់