ព័ត៌មានជាតិ

Update៖ចៅក្រមសម្រេចឃុំខ្លួនបុរសកម្មករសំណង់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាល: នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសកម្មករសំណង់ម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ពីបទ« ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៧ តាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៤និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ ទូច ធួន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៣កញ្ចប់ (ធំ១កញ្ចប់ និងតូច១២កញ្ចប់)។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជនសង្ស័យ ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល ឲ្យធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ទូច ធួន បានរកឃើញថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់ និងឧបករណ៍សម្រប់វិចខ្ចប់មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ទូច ធួន បានសារភាពថាខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១៣កញ្ចប់ ក្នុងតម្លៃ ១២០,០០០រៀល ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត៕

មតិយោបល់