បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ បុកអ្នកបើកបរម៉ូតូស្លាប់៣នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២នាទីរសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងនោះមានជនរងគ្រោះចំនួន៣នាក់ ជនរងគ្រោះទី១ ជាអ្នកបើកបរម៉ូតូឈ្មោះ ជា វាយោ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ចំណែកជនរងគ្រោះ២នាក់ទៀតជាអ្នករួមដំណើរ ឈ្មោះ លី ដាវ៉ាន់ អាយុ១៧ ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់) និងឈ្មោះ ប្រាថ្នា ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិ ប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់)។
តាមប្រភពព័ត៌បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងបើកបរទិសដៅពីត្បូងទៅជើង ពេលធ្វើដំណើរ ដល់ចំណុចកើតហេតុ បានបើកឡើងជែងរថយន្តតូចនៅពីមុខ មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម២០១៧ ពណ៌ទឹកមាស (ខ្មៅ) គ្មានស្លាកលេខ
យ៉ាងពេញទំហឹង មកពីទិសផ្ទុយគ្នា មានគ្នាចំនួន៣នាក់ បណ្ដាលឲ្យស្លាប់ទាំង៣នាក់នៅនឹងកន្លែងកើតហេតុតែម្ដង រថយន្តនិងម៉ូតូត្រូវខូចខាតទាំងស្រុង ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូដែលខូចខាតទាំងស្រុងទៅរក្សាទុកដើម្បីរង់ចំាការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់