ភ្នំពេញៈ ស្ត្រីអ្នកលក់បាយ និងបបរតាមចិញ្ចើមផ្លូវវ័យចំណាស់ម្នាក់ បានងងឹតមុខដួលសន្លប់ភ្លាមៗតែម្តង ត្រូវបានប្រជាពលរដ្ឋនៅទីនោះរត់ទៅជួយព្រោងព្រាត និងហៅរថយន្តសង្គ្រោះរបស់កងពលតូច (ង៧០) នៃអង្គភាព៧១១ ដឹកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពពោធិ៍ចិនតុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះចំណុចមុខហាងនំប៉័ងយីហោ តាំងប៊ុន៣ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីចំណាស់ដែលដួលសន្លប់នោះមានឈ្មោះ អ៊ឺម ជូ អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះរូបនោះ បានកំពុងតែរៀបចំធ្វើម្ហូបនិងដាំបាយដើម្បីលក់ ខណៈដែលគាត់កំពុងកាន់ឆ្នាំងដាក់អង្ករដាំបាយ ក៏ស្រាប់តែងងឹតមុខដួលទាំងកំរោលទៅនឹងដីតែម្តង បណ្តាលឲ្យកំពប់អង្ក បន្លែ និងរបស់របរ រប៉ាត់រប៉ាយពេញដី ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកនៅជុំវិញទីនោះ ចេញមកជួយជាច្រើននាក់។
ភ្លាមៗនោះ កម្លាំងនគរបាលបានទំនាក់ទំនងទៅកាន់រថយន្តសង្គ្រោះ របស់កងពលតូចលេខង៧០ នៃអង្គភាព៧១១ដឹកយកស្ត្រីរងគ្រោះទៅសង្គ្រោះនិងព្យាបាលនៅឯមន្ទីពេទ្យបង្អែកពោធិ៍ចិនតុងផងដែរ៕
https://youtu.be/bgcPAkWrJnU
មតិយោបល់