ភ្នំពេញៈ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន ស្ត្រីម្នាក់ជានគរបាល អន្តោប្រវេសន៍ពាក់ស័ក្តិ៤ មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយរថយន្តទំនើបមួយគ្រឿង តាមដីកាសម្រេចចាត់ចែងរក្សាការពារ របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល។
យោងតាមតាមដីកាសម្រេចចាត់ចែងរក្សាការពារ លេខ ០៨ “ដសចរកព” របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចដកហូតរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7349 ពីកូនបំណុលឈ្មោះ ថន គារ៉េនណា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល អន្តោប្រវេសន៍ពាក់ស័ក្តិ ៤
មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីលំនៅផ្ទះលេខ ១៤ E0E1 ផ្លូវ៣៦៨ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យទៅម្ចាស់បំណុលឈ្មោះ ចាន់ ស្រីយ៉ា។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះអនុវត្តដីកាខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងភោជនីយដ្ឋាន ណានជីង។
ក្រោយឃាត់ខ្លួន និងរថយន្ត ត្រូវបានលោក ខាំ សុផារី បញ្ជាឲ្យនាំយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ប្រភពបានបន្ថែមថា រហូតដល់ម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែលនេះ ភាគីទាំងសងខាង នៅមិនទាន់សម្របសម្រួលត្រូវគ្នាចប់នៅឡើយទេ ដោយសារតែភាគីកូនបំណុលឈ្មោះ ថន គារ៉េនណា មាន អ្នកមានអំណាចបុណ្យស័ក្តិ ចូលខ្លួនជួយអន្តរាគមន៍ច្រើនពេក ទើបភាគីម្ចាស់បំណុលមិនព្រម និងស្នើឲ្យ លោក ខាំ សុផារី ព្រះរាជអាជ្ញារងបន្តនីតិវិធីនៅព្រឹកស្អែកទៀត។
ទោះជាយ៉ាងណា កូនបំណុលឈ្មោះ ថន គារ៉េនណា ក៏ត្រូវបានលោក ខាំ សុផារី អនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយទុកតែរថយន្ត នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តទៀតនៅថ្ងៃស្អែក៕
មតិយោបល់