កណ្តាលៈ យុវជនម្នាក់ពិតជាសំណាងណាស់ ខណៈដែលជិះម៉ូតូមកជួបស្រីស្នេហ៍របស់ខ្លួន ក៏ប្រទះឃើញបុរស២នាក់ជិះម៉ូតូខ្លួន ចូលផឹកស៊ីនៅភោជនីយដ្ឋាន និងKTVត្រជាក់ចិត្ត ដែលបាត់ដោយសារចោរលួចនៅមុខបន្ទប់ជួល ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការសាកសួរ និងយកម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលកំពង់សំណាញ់។
ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាន និងKTVត្រជាក់ចិត្តថ្មី ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឲ្យដឹងថា ម្ចាស់ម៉ូតូដើមគេបង្អស់មានឈ្មោះ សន សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ចំណែកឯបុរសដែលជិះម៉ូតូអះអាងថាខ្លួនទិញតពីមិត្តភក្ត្រមានឈ្មោះ ម៉ុង តារា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអង្គរក្ស មានទីលំនៅភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
បើតាមប្រភពដដែលពីម្ចាស់ម៉ូតូឈ្មោះ សន សីហា បានប្រាប់ភ្នាក់ងារPost News ឲ្យដឹងថា នៅមុនពេលប្រទះឃើញម៉ូតូរបស់ខ្លួនគាត់បានជិះម៉ូតូធ្វើដំណើរពីផ្សារអូរឡាំពិកមកក្រុងតាខ្មៅ មកជួបស្រីស្នេហ៍(សង្សារ)របស់ខ្លួន រួចហើយគាត់បានឌុបស្រីស្នេហ៍របស់គាត់ជិះទៅហូបអីនៅមាត់ទន្លេរក្រុងតាខ្មៅ។ លុះពេលហូបចប់គាត់ និងស្រីស្នេហ៍បានធ្វើដំណើរវិលត្រឡប់មកផ្ទះវិញ បានពាក់កណ្តាលផ្លូវក៏ស្រាប់តែឃើញបុរស២នាក់បានជិះម៉ូតូរបស់គាត់ម៉ាកSuzuki Nex ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-8176 ពីមុខ ដែលបាត់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កាលពីវេលាម៉ោង៧ នៅចំណុចមុខផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរូបគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវ។ បន្ទាប់មកគាត់ក៏ជិះតាមបុរស២នាក់នោះរហូតមកដល់ក្នុងភោជនីយដ្ឋាន និងKTVត្រជាក់ចិត្តថ្មី រូបគាត់ក៏អត់ហ៊ានចូលទេ លុះមួយសន្ទុះគាត់ និងសង្សារក៏សម្រេចចិត្តចូលទៅសួរ ក៏ឃើញបុរស២នាក់ដែលជិះម៉ូតូរបស់គាត់កំពុងផឹកស៊ីជាមួយពួកម៉ាក គាត់ក៏សួរថា បងទិញម៉ូតូហ្នឹងមកពីណា ស្រាប់តែឈ្មោះ ម៉ុង តារា ដែលជាអ្នកជិះម៉ូតូ(ជាអង្គរក្ស) បានឆ្លើយតបទៅវិញថា ម៉ូតូខ្ញុំទិញពីមិត្តភក្ត្រខ្ញុំជាង១ខែហើយ តែខ្ញុំទិញអត់មានធ្វើលិខិតស្នាមអ្វីទាំងអស់ ដោយសារខ្ញុំស្គាល់គ្នា។ រួចហើយម្ចាស់ម៉ូតូឈ្មោះ សន សីហា និងឈ្មោះ ម៉ុង តារា បានសួរដេញដោលគ្នាទៅវិញទៅមក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងប្រជាពលរដ្ឋ ទើបសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុធ្វើការសួរនាំ និងនាំភាគីទាំងសងខាង និងយកម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បីសាកសួរឲ្យដឹងរឿងកាន់តែច្បាស់។
បើតាមលោក ម៉ុង តារា មុខរបរអង្គរក្ស គាត់បាននិយាយប្រាប់សមត្ថកិច្ចថា ម៉ូតូដែលគាត់ទិញជិះនេះគឺទិញពីមិត្តភក្ត្រស្គាល់គ្នា ហើយទិញក្នុងតម្លៃ៨០០ដុល្លារ ដោយគ្មានកាតគ្រី(ពន្ធ) និងលិខិតបញ្ជាក់ណាមួយឡើយ ពោលគឺ ហុចលុយប្រគល់ម៉ូតូ។
បច្ចុប្បន្នភាគីទាំងសងខាងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់ និងចាត់ការបន្តរកនីតិវិធីទៅតាមផ្លូវច្បាប់៕
មតិយោបល់