ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិក និងកូរ៉េខាងជើង គួរតែបន្ថយភាពតានតឹងរវាងគា្ន ដោយបញ្ជាក់ថា មិនមែនជាតួនាទីរបស់ក្រុងប៉េកាំងទេ

ចិនៈ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា វាជារឿងចម្បងរវាងអាមេរិក និងកូរ៉េខាងជើង មិនមែនទីក្រុងប៉េកាំងទេ ដើម្បីកាត់បន្ថយភាពតានតឹង និងឆ្ពោះទៅបន្តកិច្ចចរចា នៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ បានធ្វើទ្បើងដោយប្រេសិតលោក Liu Jieyi កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន ដែលបានបណ្ដាលឲ្យមានការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM ) ជាលើកទីពីរនៅខែក្នុងនេះ ពីសំណាក់រដ្ឋាភិបាលក្រុងព្រុងយ៉ាង។

លោក Liu បាននិយាយថា « សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវជាអ្នកទទួលខុសត្រូវ និងមានតួនាទីយ៉ាងចម្បង ក្នុងការរក្សាការផ្លាស់ប្តូរគោលជំហរអ្វីមួយ ដើម្បីចាប់ផ្តើមដំណើរការឆ្ពោះទៅរកផ្លូវដ៏ត្រឹមត្រូវមួយ មិនមែនចិននោះទេ» ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Liu បានបញ្ជាក់ថា មិនថាប្រទេសចិនមានសមត្ថភាពប៉ុនណាទេ តែកិច្ចខិតខំប្រឹងប្រែងរបស់ចិន នឹងមិនទទួលបានលទ្ធផលជាក់ស្តែងទ្បើយ ពីព្រោះវាអាស្រ័យលើភាគីសំខាន់ៗទាំងពីរ ។

ក្នុងនោះលោកក៏បានចោទប្រកាន់បណ្តាប្រទេសជាច្រើន ដែលរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបានបង្កឲ្យបង្កើនភាពតានតឹង និងបរាជ័យក្នុងការបន្តកិច្ចចរចា ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា ជាប្រទេសណានោះ៕

មតិយោបល់