បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃចុងសប្តាហ៍កន្លងមក ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការសង្ស័យចែកចាយថ្នាំញៀន នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់គោលដៅ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះស្រី០២នាក់ មកសួរនាំ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន០១កូនថង់ ទម្ងន់០.៣៧ក្រាម (សាច់ថ្នាំសុទ្ធ) និងទូរស័ព្ទដៃ០១គ្រឿង ។
លោកស្នងការរង បានបញ្ជាក់ថា៖ ជនសង្ស័យទាំង០៧នាក់ មាន០២នាក់ ជាមុខសញ្ញាជួញដូរមាន ១/- ឈ្មោះ សៀន កញ្ញា ភេទស្រី អាយុ៣២ឆ្នាំ, ២/- ឈ្មោះ ឆាំ រំដួល ភេទស្រី អាយុ២៧ ឆ្នាំ និងអ្នកប្រើប្រាស់០៥នាក់ (ប្រុស) ។ ជនសង្ស័យទាំង០៧នាក់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ ៕
មតិយោបល់