ព័ត៌មានជាតិ

បុកទៀតហើយ រថយន្តដឹកទឹកកកបើកបញ្ច្រាសទិសបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានរថយន្តដឹកទឹកកកមួយគ្រឿងបើកបញ្ជ្រាសទិសដៅចរាចរណ៍មកបុកពេញទំហឹងខណ:កំពុងតែជិះម៉ូតូ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងខាងលិចផ្សារឯករាជ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស៊េរី២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1C-8562 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ក-6607ភព3 បើកបរដោយបុរសម្នាក់ធ្វើដំណើរ បញ្ច្រាសទិសក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនដោយម៉ូតូរងគ្រោះមិនដឹងគេចទៅណា ក៏បុកម៉ូតូរងគ្រោះខាងលើពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះខ្ទាតទៅលើខឿនទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះអ្នកបើករថយន្តបង្កខាងលើបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់មកមានតំណាងភាគីរថយន្តបង្កមកដោះស្រាយហើយបានសងចំនួន៤៥០ដុល្លារដើម្បីបញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ៕

មតិយោបល់