ព័ត៌មានជាតិ

នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន!

កណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង បន្ទាប់ពីទទួលព៌តមានពីប្រជាពលរដ្ឋថាមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក៏បានចុះទៅធ្វើការបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនិងវត្ថុតាងមួយចំនួន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប៉ាវ វ៉ាន់ពយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសិត្បូឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាម ពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពល
រដ្ឋល្អថា មានករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)នៅចំណុចផ្ទះរបស់ឈ្មោះ ប៉ាវ វ៉ាន់ពយ ស្ថិតក្នុងភូមិ សិត្បូឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ ខាងលើ បានឃើញឈ្មោះ ប៉ាវ វ៉ាន់ពយ បានបោះគ្រឿង
ញៀន(ម៉ាទឹកកក)១កញ្ចប់ធំចោលទៅលើដី ទើបធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរតែម្តង។

ចំពោះមុខសមត្ថកិច្ច ឈ្មោះ ប៉ាវ វ៉ាន់ពយ បានសារភាពថា៖ ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)១កញ្ចប់ធំ ពីឈ្មោះ ឃឿន រី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ក្នុងតម្លៃ១០០,០០០រៀល ដើម្បីចែកចាយបន្ត។ បន្ទាប់មកបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតីវិធីច្បាប់បន្តទៀត៕

មតិយោបល់