ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តសាំយ៉ុងបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្រី្តម្នាក់ស្លាប់នឹងកន្លែងកើតហេតុ ចំណែកប្ដីរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង ៨ និង ៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងជើងផ្លូវចូលក្លោងទ្វាវត្តអង្គប្រាសាទ ស្ថិតភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្ដែត លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក សេរីឆ្នាំ២០០១ ពាក់ស្លាសលេខ ភ្នំពេញ 2AD-5027 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក វេវ ពណ៌ទឹកសណ្ដែក មកពីលិចធ្វើការបត់ឆ្លងផ្លូវទៅខាងឆ្វេង បើកបរដោយឈ្មោះ យី សុធា ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិតាអូ ឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ (រងរបួសធ្ងន់) រួមដំណើរដោយឈ្មោះ យឿង ស្រាន់ អាយុ ៤៣ ឆ្នាំ ត្រូវជាប្រពន្ធស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់