ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ដាក់ពន្ធនាគារ ១ឆ្នាំ រឿងចេញសែកស្អុយ ជិត៣ម៉ឺនដុល្លារ

ភ្នំពេញៈ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូង នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ រស់ សុភីរ័ត្ន ភេទស្រី អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន​ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ដោយព្យួរទោសទាំងស្រុង ពិន័យជាប្រាក់ចំនួន ១លានរៀលចូលជាថវិការដ្ឋ និងបង្គាប់ឱ្យសងទៅដើមបណ្ដឹងចំនួន ២៩,០០០ដុល្លារ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក បានបើកសវនាការកាត់ទោស ជនជាប់ចោទ ឈ្មោះ រស់ សុភីរ័ត្ន ជាថៅកែក្រុមហ៊ុនទេសចរណ៍ ស្រីរ័ត្ន ពាក់ព័ន្ធករណីចេញសែកស្អុយ ចំនួន ៧សន្លឹក គិតជាសាច់ប្រាក់ចំនួន ២៩,០០០ដុល្លារ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ជនជាប់ចោទឈ្មោះ រស់ សុភីរ័ត្ន ឆ្លើយថា ខ្លួនពិតជាបានចេញសែកអត់លុយ ចំនួន ៧សន្លឹកមែន ដែលមានទឹកប្រាក់សរុបចំនួន ២៩,០០០ដុល្លារ។ ជនជាប់ចោទបន្តថា សែកនោះខ្លួនចេញឲ្យទៅដើមបណ្តឹង ឈ្មោះ ង៉ោ កាវ
ជាថ្លៃជួលផ្ទះរយៈពេល ៥ខែ ពីខែកញ្ញា ឆ្នាំ២២០១៦ ដល់ខែមករា ឆ្នាំ២០១៧ និងលុយដែលជំពាក់ផ្សេងៗទៀត។

ដើមបណ្ដឹងឈ្មោះ ង៉ោ កាវ ភេទប្រុស អាយុ ៦៦ឆ្នាំ ជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្តឹងទាមទារឲ្យជនជាប់ចោទសងប្រាក់ដែលជំពាក់ថ្លៃផ្ទះគ្រប់ចំនួន ៣៥,០០០ដុល្លារ និងលុយដែលជនជាប់ចោទខ្ចី ៧,១០០ដុល្លារទៀត ដែលសរុបទាំងអស់ចំនួន ៤២,១០០ដុល្លារ។

សូមបញ្ជាក់ថា នេះជារឿងដាច់ដោយឡែកមួយដែលជនជាប់ចោទឈ្មោះ រស់ សុភីរ័ត្ន មានបណ្ដឹងនៅតុលាការ ខណៈដែលជនជាប់ចោទនៅមានករណីបណ្ដឹងឆបោកលុយអតិថិជន ជិត ១០០នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណជាជិត៣០ម៉ឺនដុល្លារទៀត ដែលសំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់ លោក កោ វណ្ឌី ជាចៅក្រមស៊ើបសួរ៕

https://youtu.be/IAeIXWi9qfw

មតិយោបល់